Flag Counter

REF.gov.kh

អំពីយើង

នាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយ​​កម្ម​ជន​បទ (ម.អ.ជ.) ជានាយកដ្ឋានមួយរបស់អគ្គិសនីកម្ពុជាដែលបានបង្កើតឡើងនៅឆ្នាំ២០១២ ដើម្បីរុញ​ផ្លែផ្កានៃការអភិវឌ្ឍអគ្គិសនីឆ្ពោះទៅប្រជាពលរដ្ឋនៅជនបទនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម.អ.ជ. មានលក្ខណៈសង្គម​កិច្ច​ និង​មាន​គណនី​ដោយ​ឡែក។

ថវិកា

ប្រភពមូលនិធិដល់ ម.អ.ជ. មានដូចខាងក្រោម៖     

១.   កញ្ចប់ថវិកាសង្គមកិច្ចដែលបានគ្រោងក្នុងបញ្ជីថ្លៃលក់អគ្គិសនីរបស់អគ្គិសនីកម្ពុជា និងអំណោយដទៃ​​ទៀតរបស់អគ្គិសនីកម្ពុជា ប្រសិនបើមាន។

២.  អំណោយ និងជំនួយឥតសំណងដែលប្រភព និងលក្ខខណ្ឌនៃការផ្ដល់ត្រូវបានទទួលការឯកភាពពីក្រសួងរ៉ែ និងថាមពល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

៣. ថវិកាពីរាជរដ្ឋាភិបាលកម្ពុជា។

បេសកកម្ម

ម.អ.ជ. មានបេសកកម្ម ដូចខាងក្រោម៖

១.  ជម្រុញវិសាលភាពអគ្គិសនីភាវូបនីយកម្មជនបទប្រកបដោយសមភាព ដោយសម្រួលឲ្យប្រជាពលរដ្ឋជនបទទទួលបានអគ្គិសនីប្រើប្រាស់ជាលក្ខណៈសេដ្ឋកិច្ច សង្គមកិច្ច និងគ្រួសារ។​

២.  ផ្តល់ការគាំទ្រដល់ការរៀបចំ និងអនុវត្តគម្រោងអគ្គិសនីភាវូបនីយកម្មជនបទ។

៣. ផ្តល់ការគាំទ្រ និងជួយសម្រួលដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទ អាចទទួលបានការតភ្ជាប់​ចរន្ត​​  អគ្គិសនី​ពី​ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់បា្រក់កម្ចីអនុគ្រោះគ្មានការបា្រក់។

៤.  ផ្តល់ការគាំទ្រ និងជួយសម្រួលឲ្យ​គ្រួសារ​​​ជន​បទ​​​​រស់នៅតំបន់ដាច់ស្រយាលដែល​ខ្សែបណ្ដាញអគ្គិសនី មិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈ​ប្រព័ន្ធថាម​ពល ​​ពន្លឺ​ព្រះអាទិត្យតាមផ្ទះ។

៥.  ផ្តល់ការគាំទ្រ និងជួយសម្រួលឲ្យអ្នកផ្គត់ផ្គង់អគ្គិសនី​ឯកជននៅតំបន់ជនបទ ដែល​មាន​អាជ្ញាប័ណ្ណ​ស្រប​​ច្បាប់ អាចមានទុន​​​សម្រាប់ធ្វើការ​វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់​​​​អគ្គិ​សនី​ឲ្យ​ពេញដែនអាជ្ញាប័ណ្ណចែកចាយរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចភ្ជាប់ចរន្តប្រើ​ប្រាស់តាមលទ្ធភាពរបស់ខ្លួន។

៦.  ផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្គ្រប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជា​មួយប្រព័ន្ធ​បណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី។

៧.  ផ្តល់ការគាំទ្រ និងជួយសម្រួលដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទ ទទួលបានការផ្គត់ផ្គង់អគ្គិសនី​ពីប្រព័ន្ធបណ្តាញជាតិផ្ទាល់សម្រាប់ការបូមទឹកធ្វើកសិកម្មនៅតម្លៃ​អនុគ្រោះសម្រាប់ការប្រើប្រាស់អគ្គិសនី នៅពេលយប់ចាប់ពីម៉ោង ៩:00យប់ ដល់ម៉ោង ៧:00ព្រឹក និងនៅតម្លៃធម្មតាសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេលថ្ងៃចាប់ពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ៩:00​យប់។

៨.  ជម្រុញការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ដែលត្រូវបានទទួលស្គាល់ជាលក្ខណៈបច្ចេកទេស និងពាណិជ្ជកម្ម។

អាស្រ័យនឹងលក្ខខណ្ឌថវិកាដែល ម.អ.ជ. ទទួលបានពីប្រភពផ្សេងៗ ម.អ.ជ. នឹងប្រើប្រាស់ឲ្យអស់លទ្ធភាពនូវធនធានដែលខ្លួនមាន ដើម្បីសម្រេចឲ្យបាននូវបេសកកម្មខាងលើ។

កម្មវិធី

ម.អ.ជ. កំពុងអនុវត្តន៍កម្មវិធី ដូចខាងក្រោម៖

  1. ​​កម្មវិធីផ្តល់​ចរន្តអគ្គិសនីដល់គ្រួសារក្រីក្រ៖ គោលបំណងនៃកម្មវិធីនេះ គឺជួយដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទ ដើម្បីឲ្យគ្រួសារក្រីក្ររស់នៅតំបន់ជនបទ អាចទទួលបានការតភ្ជាប់​ចរន្ត​​អគ្គិសនី​ពី​ប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ដោយការផ្តល់បា្រក់កម្ចីអនុគ្រោះគ្មានការបា្រក់​ឲ្យ​គ្រួសារ​​ជន​បទ​ខ្ចីយកទៅ៖ ១- បង់​ថ្លៃភ្ជាប់ចរន្តឲ្យអ្នកផ្គត់ផ្គង់ ២- បង់​​ថ្លៃប្រាក់កក់ឲ្យអ្នកផ្គត់ផ្គង់ ៣- ចំណាយលើការទិញ និងរាយខ្សែពីចំណុច​ភ្ជាប់ចរន្ត​មក​ដល់​ផ្ទះ​របស់​ខ្លួន និង៤- ចំណាយ​លើការរៀបចំខ្សែបណ្តាញ និងឧបករណ៍អគ្គិសនីក្នុងផ្ទះ ដើម្បីតភ្ជាប់ចរន្តអគ្គិសនីចូលផ្ទះ។ បា្រក់កម្ចីនេះនឹងទូទាត់តាមរយៈអ្នកផ្គត់ផ្គង់អគ្គិសនី ដែលជាអ្នកទទួលខុសត្រូវក្នុងការបង់សងត្រឡប់មក  ម.អ.ជ. វិញ ដោយបានមកពីការប្រមូលពីអ្នកខ្ចីដែលត្រូវបង់សងរំលស់១ខែម្តងមក  ម.អ.ជ. ក្នុងរយៈកំណត់មួយ។ ចំនួនទឹកបា្រក់កម្ចី​​អនុ​គ្រោះនេះ គឺមិនលើសពី 480,000 រៀល​ ក្នុង១​គ្រួសារ។
  2. កម្មវិធីប្រព័ន្ធ​ថាមពលពន្លឺ​ព្រះ​អាទិត្យ​​​​តាម​​ផ្ទះ៖ គោលបំណងនៃកម្មវិធីនេះ​ គឺ​ជួយសម្រួលឲ្យ​គ្រួសារ​​​ជន​បទ​​​​រស់នៅតំបន់ដាច់ស្រយាល ដែល​ខ្សែបណ្ដាញអគ្គិសនីមិនទាន់អាចពង្រីកទៅដល់ក្នុងរយៈពេលយូរ អាចទទួលបានអគ្គិសនីប្រើប្រាស់តាមរយៈ​ប្រព័ន្ធថាមពល​ពន្លឺ​         ព្រះអាទិត្យតាមផ្ទះ។ ម.អ.ជ. ​ផ្តល់បា្រក់ឧបត្ថម្ភ​ធនចំនួន ១០០ដុល្លារអាមេរិក ក្នុង​១ប្រព័ន្ធដល់​គ្រួសារជនបទ ​ដើម្បី​​ជួយ​កាត់​​បន្ថយ​ការទូទាត់​​​​​​ថ្លៃ​ទិញ​ប្រព័ន្ធ ហើយអ្នកទិញត្រូវបង់ថ្លៃ​​សល់​ពីការឧបត្ថម្ភ​ធននេះ រំលស់ប្រចាំខែដោយគ្មានការប្រាក់មក ម.អ.ជ. វិញ ក្នុងរយៈពេល ៤ឆ្នាំ។ ក្រោយ​ពេល​បង់​រំល​ស់​​​អស់​ជា​​ស្ថាពរ ប្រព័ន្ធនេះ​​នឹង​ក្លាយ​​ជាកម្ម​សិទ្ធិរបស់​អ្នក​ទិញ។

៣. កម្មវិធីជួយទុនសម្រាប់ពង្រីក និងកែលម្អការផ្គត់ផ្គង់អគ្គិសនី​​នៅតំបន់​​ជន​បទ៖ គោលបំណងនៃកម្មវិធីនេះ​ គឺជួយសម្រួលឲ្យអ្នកផ្គត់ផ្គង់អគ្គិសនី​ ឯកជននៅតំបន់ជនបទដែល​មាន​អាជ្ញាប័ណ្ណ​ស្រប​ច្បាប់ អាចមានទុន​​​សម្រាប់ធ្វើការ​វិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់​​​​អគ្គិ​សនី​ឲ្យ​ពេញដែនអាជ្ញាប័ណ្ណចែកចាយរបស់ខ្លួន ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់គ្រួសារអាចភ្ជាប់ចរន្តប្រើ​ប្រាស់តាមលទ្ធភាពរបស់ខ្លួន។ លក្ខណៈវិនិច្ឆ័យសម្រាប់ការអនុវត្តកម្មវិធីនេះចែក​ចេញជា ៣តំបន់ ផ្អែកលើដង់​ស៊ីតេ​​ប្រជា​ពលរដ្ឋ ដូច​​ខាងក្រោម៖

  • -តំបន់មានប្រជាពលរដ្ឋរស់នៅច្រើន ដែលមាន​ប្រសិទ្ធភាព​​សេដ្ឋកិច្ច៖ ម.អ.ជ. នឹងផ្តល់ការធា​នា​លើការខ្ចីឥណទានពីធនាគារ​ក្នុង​​ស្រុករបស់​អ្នកផ្គត់​ផ្គង់​អគ្គិសនីនៅតំបន់ជនបទ ដើម្បី​យកទៅ​វិនិ​យោគពង្រីក​​​ហេដ្ឋា​រចនាសម្ព័ន្ធផ្គត់​ផ្គង់អគ្គិ​សនីឲ្យ​ពេញដែន​អាជ្ញាប័ណ្ណ​​ចែកចាយរបស់ខ្លួន។
  • -តំបន់មានប្រជាពលរដ្ឋរស់នៅមធ្យម ដែលការធ្វើ អាជីវកម្មផ្គត់ផ្គង់អគ្គិសនីអាចពុំចំណេញ ប្រសិន​បើ​​ អ្នកផ្គត់ផ្គង់អគ្គិសនីត្រូវបង់ការបា្រក់លើដើមទុនវិនិយោគ៖ ម.អ.ជ. នឹងផ្តល់ថវិកាកម្ចីដោយពុំយកការប្រាក់ សម្រាប់វិនិ​យោគ​​លើ​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ផ្គត់​ផ្គង់អគ្គិ​សនី​នៅតំបន់​ជនបទ​។

តំបន់ទី៣-តំបន់មានប្រជាពលរដ្ឋរស់នៅតិចតួច ដែលការធ្វើអាជីវកម្មផ្គត់ផ្គង់អគ្គិសនីមិនចំណេញ លុះត្រាមាន​ការផ្តល់បា្រក់ឧបត្ថម្ភធនមួយផ្នែកលើទុនវិនិយោគ​​ហេដ្ឋា​រចនាសម្ព័ន្ធ​ផ្គត់ផ្គង់អគ្គិ​សនី៖ ម.អ.ជ. នឹងផ្តល់បា្រក់ឧបត្ថម្ភ​ធនមួយផ្នែកបន្ថែមពីលើ​ប្រាក់កម្ចីឥត​មាន​ការ​ប្រាក់ សម្រាប់អ្នកផ្គត់ផ្គង់អគ្គិសនីធ្វើការវិនិ​យោគ​​​ហេដ្ឋា​រចនាសម្ព័ន្ធផ្គត់ផ្គង់អគ្គិ​សនីនៅតំបន់​ជនបទ។

៤.  កម្មវិធីផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្គ្រប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជា​មួយប្រព័ន្ធ​បណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាត ថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្តនិងរាជធានី៖ គោលបំណងនៃកម្មវិធីនេះ គឺផ្តល់ថវិកាឧបត្ថម្ភធនប៉ះប៉ូវបង្គ្រប់ថ្លៃលក់អគ្គិសនីដល់អ្នកកាន់អាជ្ញាប័ណ្ណធ្វើអាជីវកម្មអគ្គិសនី ដែលបានភ្ជាប់ប្រភពអគ្គិសនីជាមួយប្រព័ន្ធ  បណ្តាញជាតិ ដើម្បីបន្ថយថ្លៃលក់អគ្គិសនីដល់គ្រួសារក្រីក្រនៅតំបន់ជនបទ ក្នុងក្របខណ្ឌនៃផែនការយុទ្ធសាស្ត្របន្ថយអត្រា និងគម្លាតថ្លៃលក់អគ្គិសនីក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ តាមបណ្តាខេត្ត និងរាជធានី។

៥.  កម្មវិធីផ្តល់ការផ្គត់ផ្គង់អគ្គិសនីសម្រាប់បូមទឹកធ្វើកសិកម្ម៖ គោលបំណងនៃកម្មវិធីនេះ គឺជួយសម្រួលដល់គ្រួសារក្រីក្ររស់នៅតំបន់ជនបទទទួលបានការផ្គត់ផ្គង់អគ្គិសនី ​ពីប្រព័ន្ធបណ្តាញជាតិផ្ទាល់ សម្រាប់ការបូមទឹកធ្វើកសិកម្ម នៅតម្លៃ​អនុគ្រោះសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេលយប់ចាប់ពីម៉ោង ៩:00យប់ ដល់ម៉ោង ៧:00ព្រឹក និងនៅតម្លៃធម្មតាសម្រាប់ការប្រើប្រាស់អគ្គិសនីនៅពេលថ្ងៃចាប់ពីម៉ោង ៧:00ព្រឹក ដល់ម៉ោង ៩:00​យប់។